(ភ្នំពេញ)៖ ប្រជាពលរដ្ឋស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងតំបន់បិទខ្ទប់ នៃខណ្ឌចំការមនជិត ២០០គ្រួសារ បានទទួលស្បៀងអាហារដែលជាអំនោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ។

ការផ្តល់អំណោយនៅថ្ងៃនេះ បានធ្វើឡើង ក្រោមវត្តមានអភិបាលខណ្ឌចំការមន លោក ថេង សុថុល ដែលការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតជីវភាពចំនួន ១៧៨គ្រួសារ រស់នៅក្នុងបន្ទប់ជួល ស្ថិតក្នុងតំបន់បិទខ្ទប់ ក្នុងសង្កាត់ទួលទំពូង១ និងសង្កាត់បឹងត្របែកខណ្ឌចំការមន។

លោក ថេង សុថុល បានថ្លែងថា ការផ្តល់ជូនស្បៀងអាហារជូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ។

លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នូវការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងគ្រាលំបាកនេះ ដើម្បីធ្វើយ៉ាងណារួមគ្នាកាត់ផ្តាច់ជម្ងឺកូវិដ១៩នេះអោយបាន ដោយការគោរពនូវ វិធានការ៣កុំ៣កាពារ រក្សាអនាម័យ លាងដៃអោយញឹកញាប់ រក្សាគម្លាត ចៀសវាងការប្រមូលផ្តុំនានា។ លោក ថេង សុថុល ក៏បានស្នើដល់ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងមេត្តាយោគយល់ ចំពោះការអនុវត្តច្បាប់បិទខ្ទប់នេះ ដែលជាវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩នេះ។

គួរបញ្ជាក់ថា អំនោយជាស្បៀងអាហាររបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលត្រូវបានចែកជូនជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋទំាងអស់ក្នុងតំបន់បិទខ្ទប់ ជាពិសេស តំបន់ក្រហម ដែលជាតំបន់រងការបិទខ្ទប់តឹងរឹងបំផុត ដោយមិនអនុញ្ញាតអោយចេញក្រៅនោះបានទេ។ ស្បៀងអាហារដែលប្រគល់ជូនប្រជាពលរដ្ឋ រួមមាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី និងទឹកស៊ីអ៊ីវ៕