(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យឲ្យក្រុមហ៊ុនចំនួន២ នាំចូល និងចែកចាយលក់ឧបករណ៍ Rapid Test ដើម្បីស្វែងរកជំងឺកូវីដ១៩ នៅទូទាំងប្រទេស។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

នៅក្នុងលិខិតខាងលើនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យចុះបញ្ជីកាចំពោះប្រតិករឈ្មោះ PANBIO coVID-19 Ag Rapid Test Device របស់ក្រុមហ៊ុន Abbott ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឌី ខេ អេស អេច (ខេមបូឌា) និងឈ្មោះ SARs-CoV2 Rapid Antigen Test របស់ក្រុមហ៊ុន Roche ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថហ្សូអេលីហ្វ ហ្វាម៉ា អេល ធី ឌី ដោយសារប្រតិករ ទាំងពីរនេះ មានការអនុញ្ញាតឲ្យប្រើប្រាស់ពីគណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩បន្ទាប់ពីបានឆ្លងកាត់ការសាកល្បង និងវាយតំលៃរបស់មន្ទីរពិសោធន៍ នៃវិទ្យាស្ថានសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងសុខាភិបាលបានកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។

ក្រសួងសុខាភិបាល សុំឲ្យប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ រៀបចំឯកសារស្នើសុំចុះបញ្ជីកាប្រតិករឲ្យអនុលោមទៅតាមច្បាប់គ្រប់គ្រងឱសថដែលមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យការប្រើប្រាស់ឧបករណ៍តេស្តរហ័សទាំងពីរប្រភេទខាងលើ ក្នុងការស្រាវជ្រាវរកអ្នកវិជ្ជមានកូវីដ១៩ ប្រព្រឹត្តទៅបានលឿន និងទាន់ពេលវេលាទាំងវិស័យរដ្ឋ និងឯកជន៕