(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ទីតាំងពិគ្រោះព្យាលជំងឺ និងឱសថស្ថានចំនួន២កន្លែង នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីសុខាភិបាល ចុះបិទខ្ទប់បណ្តោះអាសន្ន ក្រោយពាក់ព័ន្ធជាមួយបុរសអ្នកលក់ដើរលក់ថ្នាំពេទ្យម្នាក់ ត្រូវបានគេរកឃើញមានវិជ្ជាមានកូវីដ១៩។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ថា ទីតាំងពិគ្រោះព្យាលជំងឺ និងឱសថស្ថានចំនួន២កន្លែង រួមមាន៖

*ទី១៖ ទីតាំងឱសថស្ថាន «សុវណ្ណដែន» ហៅពេទ្យបាន នៅក្នុងទីប្រជុំជនស្រុកអន្លង់វែង
*ទី២៖ ទីតាំងពិគ្រោះព្យាបាលជំងឺ «ភួង ថាវរី» នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន និងមនុស្សចំនួន២២នាក់ កំពុងពិនិត្យយកសំណាក។

លោកប្រធានមន្ទីរសុខាភិបាល បានថ្លែងឲ្យដឹងថា ពេលនេះក្រុមមន្ត្រីសុខាភិបាល កំពុងពិនិត្យយកសំណាកមនុស្សចំនួន១៨នាក់ នៅទីតាំងឱសថស្ថានសុវណ្ណដែន ហៅពេទ្យបាន នៅស្រុកអន្លង់វែង និងបន្តយកសំណាកមនុស្ស ៤នាក់ទៀត នៅទីតាំងពិគ្រោះព្យាបាលជំងឺ ភួង ថាវរី ក្នុងស្រុកត្រពាំងប្រាសាទ ចំពោះលទ្ធផល នឹងដឹងក្រោយពីយកទៅពិនិត្យ។

ចំពោះទីតាំងទាំង២កន្លែងនេះ នឹងបន្តបិទខ្ទប់រយះពេល១៤ថ្ងៃផងដែរ៕