(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានបង្រួមទីតាំង «តំបន់ក្រហម» នៅក្នុងខណ្ឌចំនួន៦ ដែលកំណត់នាពេលកន្លងទៅមកតូចជាងមុន ក្រោយរកឃើញថា នៅតំបន់ក្រហមខ្លះ ការរីករាលដាលជំងឺកូវីដ១៩ មិនបានផ្ទុះឡើងពេញក្នុងទីតាំងនោះទេ ពោលជាផ្នែកមួយ ឬផ្នែកខ្លះនៃតំបន់ក្រហមទាំងនោះ។

យោងតាមសេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែកជាបីតំបន់ រយៈពេល៧ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានកំណត់ «តំបន់ក្រហម» នៅក្នុងខណ្ឌចំនួន៦ ប៉ុន្ដែតំបន់ខ្លះកំណត់នៅក្នុងផ្នែកខ្លះតាមភូមិ ដើម្បីងាយស្រួលគ្រប់គ្រង និងផ្នែកខ្លះទៀតនៃភូមិទាំងនោះ មិនមានការផ្ទុះខ្លាំង។

សាលារាជធានីភ្នំពេញ បានកំណត់ «តំបន់ក្រហម» នៅក្នុងខណ្ឌចំនួន៦រួមមាន៖

* ទី១៖ ខណ្ឌ៧មករា៖ នៅប្លុកបុរីកីឡា ចំនួន៨អគារ ក្នុងសង្កាត់វាលវង់

* ទី២៖ ខណ្ឌទួលគោក៖ នៅក្នុងភូមិ២៣ នៃសង្កាត់បឹងកក់ទី២, ភូមិ១០ ភូមិ១៤ និងផ្នែកខ្លះនៃភូមិ១៦ ក្នុងសង្កាត់បឹងសាឡាង, ភូមិ១ ២ ៣ ៤ ៥ ៦ ៧ ក្នុងសង្កាត់ផ្សារដើមគ

* ទី៣៖ ខណ្ឌមានជ័យ៖ ផ្នែកខ្លះនៃភូមិទ្រា និងផ្នែកខ្លះនៃភូមិថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១, ភូមិដំណាក់ធំ៤ និងផ្នែកខ្លះនៃភូមិភ្នាត់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២, ផ្នែកខ្លះនៃភូមិទ្រា៤ ផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣

* ទី៤៖ ខណ្ឌឫស្សីកែវ៖ ភូមិទួលសង្កែ ភូមិចុងខ្សាច់ និងភូមិបាក់ទូក ក្នុងសង្កាត់ទួលសង្កែទី១

* ទី៥៖ ខណ្ឌពោធិ៍សែនជ័យ៖ ភូមិត្រពាំងថ្លឹង១ ២ ៣ ៤ និងភូមិទួលពង្រ ក្នុងសង្កាត់ចោមទី១, ភូមិព្រៃកោង ក្នុងសង្កាត់ចោមចៅទី២

* ទី៦៖ ខណ្ឌច្បារអំពៅ៖ ផ្នែកខ្លះនៃភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅទី២។

ក្រៅពីការបង្រួមទីតាំងក្នុង «តំបន់ក្រហម» សាលារាជធានីភ្នំពេញ ក៏បានបង្រួមទីតាំងនៅក្នុង «តំបន់លឿងទុំ» ក្នុងខណ្ឌមួយចំនួនទៀតផងដែរ។