(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» រយៈពេល៧ថ្ងៃទៀត។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់នេះថា សន្និសីទសារព័ត៌មានខាងលើ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩៖០០នាទី នៅសាលារាជធានីភ្នំពេញ (សាលប្រជុំ ជាន់ទី២ អគារ “ខ”)។

លោកបន្តថា វាគ្មិនចូលរួម៖

១៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
២៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ
៣៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយបន្តបិទខ្ទប់តំបន់មួយចំនួន ដោយចែកចេញជា៣ផ្នែកគឺ «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

បើតាមសេចក្តីសម្រេចនេះ, តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ នឹងត្រូវអនុវត្តដូចវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកន្លងទៅ ដោយក្នុងនោះតំបន់លឿង តំបន់លឿងទុំ អនុញ្ញាតឱ្យធ្វើចរាចរ និងសកម្មភាពចាំបាច់ប៉ុណ្ណោះ ហើយតំបន់ក្រហមនៅតែបន្តរឹតត្បិតខ្លាំងក្លាដដែល៕