(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្ទះសំណាក់ចំនួនពីរក្នុងសៀមរាប បន្ទាប់ពីមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញនៅក្នុងខេត្តប៉ៃលិន។

ផ្ទះសំណាក់ដែលរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលនេះ រួមមាន៖ ផ្ទះសំណាក់ «ប៊ុនថា II» ស្ថិតនៅភូមិធ្លកអណ្ដូង និងផ្ទះសំណាក់ «វ៉ិច សាវ៉ៃ» ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា ការបិទនេះ បន្ទាប់ពីអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីម្នាក់ ឈ្មោះ ហ៉ិន មេត្តា ភេទប្រុស ដែលរកឃើញពេលធ្វើដំណើរចូលទៅខេត្តប៉ៃលិន បានចូលស្នាក់នៅក្នុងផ្ទះសំណាក់ទាំងពីរនេះ។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចេញ-ចូលផ្ទះសំណាក់ «ប៊ុនថា II» ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ និងស្នាក់នៅផ្ទះសំណាក់ «វ៉ិច សាវ៉ៃ» ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕