(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រយៈពេល២២ថ្ងៃ ការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺបានកាត់ផ្តាច់នូវការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងកម្រិតធ្ងន់ធ្ងរទៅតាមបណ្តាខេត្តនានា ក្នុងល្បឿនយ៉ាងលឿន ដែលនឹកស្មានមិនដល់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនថា ជាលទ្ធផលក្នុងការអនុវត្តក្នុងរយៈពេល២២ថ្ងៃ ដែលរាជរដ្ឋាភិបាលដាក់ចេញវិធានការបិទខ្ទប់នេះ ជាលទ្ធផលយើងមើលទាំងអស់គ្នា ហើយើងហ៊ាននិយាយទាំងអស់គ្នា ថាលទ្ធផលនៃការអនុវត្តវិធានការបិទខ្ទប់នេះ គឺទទួលបាននូវលទ្ធផលមួយ គឺកាត់ផ្តាច់នូវការឆ្លងរាលដាលក្នុងកម្រិតធ្ងន់ធ្ងរ ហើយក្នុងល្បឿនលឿន ដែលយើងនឹកស្មានមិនដល់ប្រសិនបើយើងមិនមានវិធានការបិទខ្ទប់នេះទាន់ពេលវេលាទេ»

លោក គឹម សន្តិភាព បានគូសបញ្ជាក់ថា «ពីព្រោះអីយើងឃើញថាភូមិសាស្ត្រភ្នំពេញ ក៏ដូចជាទីក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺជំងឺកូវីដ១៩ បានរាលដាលធ្ងន់ធ្ងរ ដែលឈានទៅដល់ការអនុវត្តវិធានការបិទខ្ទប់នេះ ដើម្បីចៀសវាង នូវលំហូរប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទីក្រុងតាខ្មៅ ចេញទៅតាមបណ្តាខេត្តនានា ដែលនាំនូវហានិភ័យទៅដល់ខេត្តដែលពុំទាន់មានស្ថានភាពចម្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ»

លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា ដូច្នេះ ប្រសិនបើមិនមានវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ទាន់ពេលវេលាទេ គឺចរន្តមនុស្សជាពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងមកនេះនឹងធ្វើឱ្យមានគ្រោះមហន្តរាយដោយសារជំងឺកូវីដ១៩ សម្រាប់កម្ពុជា ដូច្នេះ ចំណុចនេះ គឺជាកត្តាមួយដែលបានផ្តល់ផលក្នុងការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកន្លងមកនេះ។

លោក គឹម សន្តិភាព បានឱ្យដឹងថា ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ គឺបានកាត់ផ្តាច់បាននូវការសាយភាយ ជំងឺកូវីដ១៩ ទៅកាន់តំបន់ដទៃទៀត ហើយធ្វើឱ្យយើងអាចឈានទៅគ្រប់គ្រងនូវការបែកចែកជាតំបន់ហានិភ័យកម្រិតខ្ពស់ តំបន់ហានិភ័យកម្រិតមធ្យម និងតំបន់ហានិភ័យកម្រិតទាប នៅក្នុងតំបន់ដែលមានការរីករាលដាលជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល ដូច្នេះនេះជាលទ្ធផលដេលយើងបានធ្វើរួមគ្នា និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ទាំងមូល។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ។ បើគិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល៣សប្ដាហ៍៕