(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ បានចុះត្រួតពិនិត្យ និងរៀបចំទីតាំងសម្រាប់ត្រៀមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ខាងនេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់កងទ័ពថា នឹងប្រឹងប្រែងពន្លឿនការចាក់នេះ ធ្វើយ៉ាងណាឱ្យសម្រេចបានតាមផែនការ ដែលបានគ្រោងទុកក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅខណ្ឌឫស្សីកែវ មានក្នុងសង្កាត់ទួលសង្កែ ដែលជាតំបន់ក្រហមផងដែរ អញ្ចឹងសម្តេចពិជ័យសេនា បានដាក់បទបញ្ជាឱ្យខ្ញុំ ដើម្បីចាត់ចែងអំពីបញ្ហានេះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និយាយរួមខ្ញុំបានបញ្ជាឱ្យក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ ដើម្បីចាត់ចែងទទួលខុសត្រូវចូលទៅក្នុងតំបន់ក្រហមក្នុងសង្កាត់ទួលសង្កែនេះហើយ»

«ព្រឹកមិញនេះ គឺបានទៅពិនិត្យមើលទីតាំងរួចរាល់អស់ហើយ ហើយស្អែកនេះ (ទី៦ ខែឧសភា) គឺយើងធ្វើការរៀបចំប្រុងប្រៀបធ្វើតាមលក្ខណៈបច្ចេកទេសក្នុងការចាក់វ៉ាក់សាំង ហើយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ យើងនឹងចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវនេះហើយ»។ នេះបេីតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

ជាមួយនឹងរៀបចំទីតាំងដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទួសង្កែនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនេះបានយល់ដឹង និងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែឧសភា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភានេះ បានចេញមកបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ១៩នោះ គឺចាក់រហូតអស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើចាក់មិនអស់ គឺមិនដកថយជាដាច់ខាត។

របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៤៩២,៣៦០នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ១៩៦,០៦៦នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧២,២៧៤នាក់។

ដោយឡែកបើគិតត្រឹមយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៥៦៥,២៩២នាក់៕