(តាកែវ)៖ នៅយប់ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ អគ្គិភ័យមួយបានឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលខូតខាតទ្រព្យសម្បត្តិមួយចំនួនធំ។

លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បានថ្លែងឲ្យដឹងថា អគ្គីភ័យនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយបានឆាបឆេះអស់តូបចំនួន៥០ ខូចខាតសម្ភារទាំងស្រុងចំនួន៣៥តូប ខូចខាតតិចតូចចំនួន១៥តូប និងមិនបានបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សទេ។

បើតាមលោកអភិបាលរងស្រុក អាជ្ញាធរមិនទាន់អាចវាយតម្លៃ ទំហំខូចខាតគិតជាទឹកប្រាក់អស់ចំនួនប៉ុន្មាននោះទេ ដោយព្រឹកនេះអាជ្ញាធរនឹងជួបពិភាក្សាជាមួយឃុំ និងម្ចាស់តូបជាមុនសិន ទើបអាចវាយតម្លៃការខូចខាតជាទឹកប្រាក់អស់ចំនួនប៉ុន្មាន។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ កម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់ ដោយប្រើប្រាស់ឡានទឹកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី០១គ្រឿង ស្រុកអង្គរបុរី០១គ្រឿង ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់ ០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿង សរុបឡានទឹកចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡាន ទើបគ្រប់គ្រងស្ថានការបាន៕