(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រគល់ស្បៀងអាហារ និងសម្ភារៈការពារជំងឺកូវីដ-១៩ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងអំឡុងពេលបិទខ្ទប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។

សមាគមធនាគារនៅកម្ពុជា បានបរិច្ចាកថវិកាចំនួន ១០,០០០,០០០ រៀល រួមជាមួយអង្ករ ២៣ តោន, ត្រីខកំប៉ុង ១.១២៩កេស, ម៉ាស់ចំនួន ៥,៧០០កេស, ទឹកអាល់កុលលាងសម្អាតដៃ ២,៧០០ ដប និងអាល់កុល ចំនួន ១.២០០ លីត្រ។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមធនាគារនៅកម្ពុជា ដែលបានឧបត្ថម្ភ ថវិកា ស្បៀងអាហារនិងសម្ភារៈការពារជំងឺជំងឺកូវីដ-១៩ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភ និងសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយវីរុសកូវីដ-១៩ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩នេះ។

លោកបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃវីរូសកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។

លោកបញ្ជាក់ថា «ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-I9) ភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់»

លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជាបានថ្លែងថា «ដូចដែលយើងទាំងអស់គ្នាបានឃើញហើយថា ប្រទេសកម្ពុជាបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានឆ្លងក្នុងសហគមន៍ចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈដែលហៅថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ការឆ្លងរាលដាលនិងផលប៉ះពាល់នៃវីរុសកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយទេ ខណៈពេលដែលករណីវិជ្ជមានកូវីដ-១៩ និងចំនួនអ្នកស្លាប់ ត្រូវបានគេរាយការណ៍កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបង្កការព្រួយបារម្ភកាន់តែខ្លាំង ទៅលើសុខភាពសាធារណៈ។ ដូច្នេះការចូលរួមចំណែកនេះ នឹងជួយដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយ និងសម្រាលបន្ទុករបស់ប្រជាជនកម្ពុជា ដែលកំពុងត្រូវការការគាំទ្រក្នុងកំឡុងពេលបិទខ្ទប់ នៅភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។»៕