(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងស្តីពី ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត សម្រាប់ថ្ងៃដំបូង ដែលមានគណបក្សនយោបាយចំនួន១ ដែលបានមកដាក់ពាក្យចុះបញ្ជី គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពត (គ.ខ.ប) គិតត្រឹមម៉ោង ១៧៖៣០នាទី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានទទួលពាក្យចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ពីគណបក្សប្រជាជនកម្ពុជា។

សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានរយៈពេល៥ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅរៀងរាល់ម៉ោងធ្វើការ។

គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គណបក្សនយោបាយទាំងអស់អាចស្នើសុំនៅ គ.ជ.ប ឬនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ឬទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh ហើយការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវធ្វើនៅ គ.ខ.ប ខេត្តកំពត៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖