(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរការប្រារព្ធខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក រដ្ឋមន្ត្រី ព្រុំ សុខា និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ផ្អែកលើស្មារតីនៃវប្បធម៌ចែករំលែក និងក្នុងវត្ថុបំណងខាងលើ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ បន្តរួមសាមគ្គីគ្នាប្រមូលថវិកាបានប្រមាណ ១១.០៣៥ ដុល្លារ (លុយខ្មែរ ១៩.៣២០.០០០ រៀល និងលុយដុល្លារ ៦.៣២២,៥០ ដុល្លារ) ឧបត្ថម្ភសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីសាខានេះមានលទ្ធភាពធ្វើសកម្មភាពមនុស្សធម៌របស់ខ្លួនបន្តទៅទៀតក្នុងការចូលរួមជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះ ពិសេសដោយផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ នៅក្នុងរដ្ឋបាលដែនដីនៃខេត្តក្រចេះ។

លោករដ្ឋមន្ត្រី ព្រុំ សុខា និងក្រុមការងារខេត្តក្រចេះ នឹងប្រគល់ថវិកានេះជូនលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ក្នុងពេលចុះបំពេញភារកិច្ចនៅមូលដ្ឋាន នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ៕