(កោះកុង)៖ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល កុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ ដែលមានហានិភ័យខ្ពស់ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ លោក សុខ គឹមហុង ហៅ សៀឡូ និងក្រុមគ្រួសារ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរនោះ បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគភេសជ្ជៈ និងថវិកាមួយចំនួន ជូនដល់ពលរដ្ឋក្រីក្រចំនួន១៥៥គ្រួសារ និងកម្លាំងប្រជាការពារចំនួន២១នាក់ សរុបមានចំនួន១៧៦គ្រួសារ នៅភូមិ២ ៣ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក សុខ គឹមហុង បានលើកឡើងថា ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលសាលាខេត្តកោះកុង ក្នុងរដូវកាលជំងឺកូវីដ១៩កើតឡើងនេះ លោកបាននាំយកអំណោយទាំងនេះ ដើម្បីរួមការដោះស្រាយជីវភាពគ្រួសារបងប្អូនឲ្យបានធូរស្រាលបានមួយកម្រិត។

លោកសូមឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ចិត្តដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ ដូច្នេះសូមបងប្អូនអនុវត្តន៍ចំពោះការផ្សព្វផ្សាយណែនាំអប់រំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣ការពារ ៣កុំ» និងប្រការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យមានការឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារត្រូវថែរក្សាសុខភាព មានអនាម័យល្អ ត្រូវពាក់ម៉ាស់ លាងដៃ និងសាប៊ូ ឬជេល ឲ្យបានជាប់ជានិច្ច កុំមានការឆ្វេសប្រហែសឡើយ។

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានថ្លែងថា លោកមានសេចក្តីសោមនោស្សរីករាយក្រៃលែងដែលលោក សុខ គឹមហុង និងក្រុមគ្រួសារ បានឧបត្ថម្ភគ្រឿងឧបភោបរិភោគ និងថវិកាជូនដល់ពលរដ្ឋក្រីក្រ ក្នុងសង្កាត់ដងទង់ដែលពួកគាត់ជួបការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកចៅសង្កាត់ បានបន្តថា នេះជាកាយវិការដ៏គួរឲ្យកោតសសើរ ដែលលោកបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ប្រជាពលរដ្ឋដែលបានជួបនូ វកង្វះខាតស្បៀងអាហារ ក្នុងជីវភាពគ្រួសារក្នុងរដូវកាលកូវីដ១៩នេះ ដោយបងប្អូនប្រជាពលរដ្ឋ បានអនុវត្តន៍នូវអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕