(កំពង់ឆ្នាំង)៖ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងភរិយា លោកស្រី ហេង សុខា បានឧបត្ថម្ភជំនួយមនុស្សធម៌ ជាម៉ាសចំនួន ២០កេសធំ អាកុល ១០កាន និងទឹកពិសាភ្នំជប ២០០យួរ ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ១៩។

អំណោយកើតចេញពីទឹកសម្បុរសធម៌របស់លោកឧកញ៉ា និងភរិយា យកទៅប្រគល់ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។

ជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំងនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱ្យមនុស្សគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នជាប់ជាប្រចាំ និងត្រូវបំពេញកាតព្វកិច្ចរួមគ្នាក្នុងការអនុវត្តគ្រប់វិធានការ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងក្រសួងសុខាភិបាល ដើម្បីឱ្យកម្ពុជាអាចកាត់ផ្ដាច់បាននូវខ្សែចម្លងជំងឺកូវីដ-១៩ បានឆាប់រហ័ស។

លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ មានទស្សនៈទានថា ការចូលរួមអនុវត្តវិធានការនានា គឺជាកត្តាចាំបាច់ ក៏ប៉ុន្តែការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនសម្រាប់ទ្រទ្រង់សកម្មភាពនានាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាចំណុចស្នូល ដែលមិនត្រូវមើលរំលងនោះឡើយ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

ឈរលើទស្សនៈទាននេះហើយ ដែលជំរុញឱ្យលោកឧកញ៉ា និងភរិយា បានផ្ដល់អំណោយសប្បុរសធម៌ជាបន្តបន្ទាប់ទៅកាន់អាជ្ញាធរ មន្ទីរពេទ្យ កងកម្លាំង និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តារខេត្ត ហើយកំពុងបន្តសំលឹងមើលទៅកាន់បណ្ដាទីតាំងផ្សេងៗមួយចំនួនទៀត ដែលកំពុងមានការប្រឈម តាមលទ្ធភាពជាក់ស្ដែង។

លោកឧកញ៉ា អ៉ឹង ប៊ុនហូវ បានសូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាអត់ធ្មត់ និងសូមចូលរួមអនុវត្តទាំងអស់គ្នានូវគ្រប់វិធានការរបស់រាជរដ្ឋាភិបាល។ ជាពិសេសវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ដើម្បីជាតិកម្ពុជាឆ្ពោះទៅរកការកាត់ផ្តាច់ជំងឺកូវីដ១៩៕