(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយនិរាករណ៍សេចក្តីជូនដំណឹងរបស់ខ្លួន ដែលចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការចាំបាច់នានា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

សេចក្តីជូនដំណឹងថ្មីនេះ រដ្ឋបាលខេត្តសៀមរាប ធ្វើការកែសម្រួលនីតិវិធីចំពោះអ្នកដំណើរ ដែលចូលភូមិសាស្ត្រខេត្តសៀមរាប ដោយតម្រូវអ្នកដំណើរទាំងនោះ ចូលរួមពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ ក្នុងករណីសង្ស័យអាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក អាស្រ័យទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល។

ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាប បន្តដាក់ប៉ុស្តិ៍ពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យនៅចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន៣ទីតាំង រួមមាន៖ ១-ព្រំប្រទល់ក្រឡាញ់- ព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យ, ២-ស្រុកជីក្រែង-ស្រុកស្ទោងនៃខេត្តកំពង់ធំ និង៣-ស្រុកស្រីស្នំ-ស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ។

ដើម្បីជាការងាយស្រួលបងប្អូនអ្នកដំណើរ អាចបំពេញតារាងឈ្មោះរួចជាស្រេចប្រគល់ ជូនមកក្រុមការងារ នៅពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យទាំងបីទីតាំង៕