(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញមកបញ្ជាក់ជាផ្លូវការថា ដើមពោធិ៍មួយដើមធំ ដែលត្រូវខ្យល់កន្ត្រាក់បោករលើងឫស្សហើយដួលរលំនៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មិនមែនជាដើមពោធិ៍ជើងខាល ដែលជាប់ពាក់ព័ន្ធនឹងប្រវត្តិរឿងស្នេហាទុំទាវនោះឡើយ។

ការចេញមកបញ្ជាក់របស់រដ្ឋបាលខេត្តធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយ និងការយល់ច្រឡំមួយចំនួននៅលើបណ្តាញសង្គមថា ដើមពោធិ៍ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយដួលរលំនេះ ជាដើមពោធិ៍ជាប់ពាក់ព័ន្ធប្រវត្តិស្នេហ៍ទុំទាវ។

រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះភ្លាម មន្ត្រីរដ្ឋបាលខេត្តបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ និងបានកត់សម្គាល់ឃើញថា ដើមពោធិ៍ដែលដួលរលំនោះ មិនមែនជាដើមពោធិជើងខាល ប្រវត្តិស្នេហ៍ទុំ និងទាវ នោះទេ។

រដ្ឋបាលខេត្ត ក៏បានឱ្យដឹងផងដែរថា ដើមពោធិ៍ដែលបានដួលរំលំខាងលើនេះ មានឈ្មោះថា ដើមពោធិ៍ លោកតាក្រហមក ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិជើងខាល ប្រវត្តិស្នេហ៍ «ទុំ និងទាវ»

ទោះបីជាយ៉ាងណា រដ្ឋបាលខេត្ត បានសហការជាមួយមន្ត្រីជំនាញ នឹងរៀបចំដាំដើមពោធិ៍នេះឡើងវិញ ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សាការពារបរិស្ថានបៃតង និងរក្សាប្រពៃណី ជំនឿ សាសនា របស់ដូនតាខ្មែរ៕