(កោះកុង)៖ លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិចាំយាមហាលិក បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមការងារប្រចាំការ បានសហការជាក្រុមលោកគ្រូពេទ្យ និងសមត្ថកិច្ច ដើម្បីធ្វើតេស្តរហ័សទៅលើអ្នកបើកបរដឹកទំនិញឆ្លងដែន ពីប្រទេសថៃ ចូលមកសាងទំនិញក្នុងក្រុមហ៊ុន LVP តំបន់សេដ្ឋកិច្ចពិសេសកោះកុងផែស្ងួត ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ និងអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោកបន្តថា រយៈពេលប៉ុន្មានថ្ងៃនេះធ្វើតេស្តបានចំនួន ៣៨០នាក់ ហើយការធ្វើតេស្តរហ័សក្រុមលោកគ្រូពេទ្យបានលទ្ធផលឃើញមានផលវិជ្ជមាន ១នាក់ ចំពោះតៃកុងឡានដឹកទំនិញពីប្រទេសថៃ។

លោកបានបន្ថែមថា ចំពោះទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមានេះ សមត្ថកិច្ចបានរឹតបណ្តឹង និងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយមិនមានការធ្វេសប្រហែសឡើយ ទាំងផ្លូវទឹកទាំងផ្លូវគោក និងមានការទំនាក់ទំនងគ្នាបានល្អជាមួយភាគីថៃ និងប្រជានេសាទលើផ្ទៃសមុទ្រ ទាំងផ្លូវព្រៃធម្មជាតិ។

លោកបានបញ្ជាក់ថា នៅរយៈពេល២ ទៅ ៣ថ្ងៃ នៅមាត់ច្រកទ្វារអន្តរជាតិចាំយាម មានការផ្អាកការធ្វើតេស្តរហ័សសិន ពីព្រោះខ្វះឧបករណ៍សម្ភារៈបរិក្ខាពេទ្យ តែអ្វីដែលសំខាន់ក្រុមលោកគ្រូពេទ្យបានធ្វើតេស្ត ដោយប្រើឧបករណ៍ម៉ាស៉ីនវាស់កំដៅ បាញ់អាកុលលាងដៃ និងសាប៊ូ ឬជេលជាប្រចាំ និងមានការត្រួតពិនិត្យយ៉ាងតឹងរឹង ដើម្បីការពារកុំមានការរីកដាលឆ្លងក្នុងសហគមន៍ និងក្រុមគ្រួសារ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ចំពោះឧបករណ៍តេស្តរហ័សនៅមានការខ្វះខាតមែន តែលោកបានធ្វើសំណើរទៅក្រសួងសុខាភិបាល ដើម្បីសុំបន្ថែមទៀត៕