(បន្ទាយមានជ័យ)៖ ពលករចំនួន១៧នាក់ ក្នុងនោះមានកូនក្មេង២នាក់ ប៉ុនប៉ុងចេញទៅរកការងារធ្វើនៅប្រទេសថៃ ជិះរថយន្ត២គ្រឿង មកដល់ចំណុចចំការស្វាយចន្ទី ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងយោធា និងកម្លាំងអាវុធហត្ថ ធ្វើការល្បាតស្ទាក់ឃាត់បាន នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា រថយន្តទាំង២គ្រឿងដែលសមត្ថកិច្ចឃាត់បាននោះ មានផ្ទុកមនុស្ស១៧នាក់ ដែលបើកបរដោយឈ្មោះ រ៉ម ហុង អាយុ២៣ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅស្រុកភ្នំស្រុក និងមួយគ្រឿងទៀត បើកបរដោយឈ្មោះ គង់ ណោក អាយុ៥០ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ មនុស្សទាំង១៧នាក់នោះ មកពីខេត្តកំពង់ចាម៦នាក់, បាត់ដំបង១០នាក់ និងបន្ទាយមានជ័យម្នាក់។

លោកអធិការនគរបាលស្រុកស្វាយចេក បានបញ្ជាក់ឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់អ្នកបើករថយន្តទាំង២នាក់ថា មនុស្សដែលគេដឹកនេះដើម្បីឆ្លងដែនទៅថៃទាំង១៧នាក់នោះ តាមព្រំដែនតាមមេខ្យល់បានកំណត់ ដោយគេយកតម្លៃតាមជិត តាមឆ្ងាយ មាន២៥០បាត, ៣០០បាត និង៤០០បាត។

បច្ចុប្បន្នអ្នកបើករថយន្តទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយចេក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ដោយឡែកពលករទាំង១៧នាក់ បញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យស្វាយចេក ឲ្យគ្រប់ចំនួន១៤ថ្ងៃ ទើបអាចវិលទៅលំនៅដ្ឋានវិញបាន៕