(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៦ ខែឧសភា ម្សិលមិញ មានរយៈពេល៦ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅខណ្ឌទាំង៤ រួមមានខណ្ឌមានពោធិ៍សែនជ័យ, ខណ្ឌមានជ័យ, ខណ្ឌដង្កោ និងខណ្ឌកំបូល ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ២៥ម៉ឺននាក់ហើយ។

នាយឧត្តសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង បានថ្លែងបែបនេះក្នុងឱកាសចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមការអនុវត្តភារកិច្ចរបស់ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សម្រាប់នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ក្រុមការងារចាក់បាន ៥០,៦៣៤នាក់ ស្រី ២៦,៤២២នាក់។ សរុប៦ថ្ងៃចាក់បានចំនួន ២៤៦,៧០២នាក់ ស្រី ១០៨,៧៦០នាក់។ ដោយក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៥១,៨៤៥នាក់ ខណ្ឌដង្កោ ចាក់បាន ៥៩,៨០៣នាក់ ខណ្ឌកំបូល ចាក់បាន ៤២,៩៤១នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បានចំនួន ៩២,១១៣នាក់។

ជុំវិញប្រតិបត្តិការរយៈពេល៦ថ្ងៃមកនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានប្តេជ្ញាចិត្តពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមឱ្យបានគ្រប់ៗគ្នា និងសូមកុំបារម្ភចំពោះបញ្ហានេះជាដើម។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានកត់សម្គាល់ឃើញថា ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បើទោះបីមានការលំបាក និងស្មុគស្មាញបន្តិច ព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នោះ តែដំណើរការរក្សាបានភាពល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនទៅតាមផែនការ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា បានចេញមកបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ១៩នោះ គឺចាក់រហូតអស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើចាក់មិនអស់ គឺមិនដកថយជាដាច់ខាត៕