(កណ្ដាល)៖ លោក លីង យ៉ាង ប្រធានក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd បាននាំយកអំណោយជាសម្ភារ និងថវិកា ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់កងកម្លាំង និងរដ្ឋបាលក្រុង-ស្រុក រួមមាន រដ្ឋបាលក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក បញ្ជាការដ្ឋានយោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកណ្ដាល ស្នងការនគរបាលខេត្តកណ្ដាល និងកងរាជអាវុធហត្ថខេត្តកណ្ដាល តាមរយៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស នៅពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ នៅទីបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល។

នៅក្នុងពិធីប្រគល់ និងទទួលសម្ភារៈ និងថវិកានាឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តដ៏សប្បុរសថ្លៃថ្លារបស់ក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd ដែលបាននាំយកអំណោយទ្រព្យធនផ្ទាល់ខ្លួនជួយ ដល់កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុង ស្រុកមួយចំនួន នៃខេត្តកណ្តាល ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

នាយឧត្តមសេនីយ៍ បានបន្ដថា អំណោយទាំងអស់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះជាតម្រូវការចាំបាច់ បំផុតសម្រាប់ដោះស្រាយជីវភាព ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ហើយកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្តកណ្តាល និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ-១៩ ឲ្យបានទាន់ពេលវេលា។

នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តំណាងឲ្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុង ស្រុក ក៏បានថ្លែងអំណរគុណ ប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះ ក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់កងកម្លាំង និងរដ្ឋបាលក្រុង-ស្រុក សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

សូមបញ្ជាក់ថា អំណោយដែល ក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ដើម្បីចែកជូនដល់កងកម្លាំង និងរដ្ឋបាលក្រុង-ស្រុក រួមមាន៖

* រដ្ឋបាលក្រុងតាខ្មៅ ទទួលបានអង្ករ ៥០តោន, មី២៥០កេស, ត្រីខ ១០០កេស, ទឹកសុទ្ធ ២៥០កេស, ទឹកត្រី ១០០យួរ, ទឹកស៉ីអ៉ីវ ១០០យួរ និងថវិកា ៥០លានរៀល។

* រដ្ឋបាលស្រុកកណ្តាលស្ទឹង ទទួលបានអង្ករ ៥០តោន, មី២៥០កេស, ត្រីខ ១០០កេស, ទឹកសុទ្ធ ២៥០កេស, ទឹកត្រី ១០០យួរ, ទឹកស៉ីអ៉ីវ ១០០យួរ និងថវិកា ៥០លានរៀល។

* រដ្ឋបាលស្រុកកោះធំ ទទួលបានអង្ករ ៥០តោន, មី២៥០កេស, ត្រីខ ១០០កេស, ទឹកសុទ្ធ ២៥០កេស, ទឹកត្រី ១០០យួរ, ទឹកស៉ីអ៉ីវ ១០០យួរ និងថវិកា ៥០លានរៀល។

* បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក ទទួលបានអង្ករ ១០តោន, ត្រីខ ៣០កេស និងថវិកា៤០លានរៀល។

* បញ្ជាការដ្ឋានយោធភូមិភាគពិសេស ទទួលបានអង្ករ ១០តោន, មី ១០០កេស, ត្រីខ ៣០កេស, ទឹកត្រី ៥០យួរ, ទឹកស៉ីអ៉ីវ ៥០យួរ, កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ ១គ្រឿង, ថវិកា ៤០លានរៀល និងអាវពេទ្យចំនួន៥០អាវ។

* តំបន់ប្រតិបត្តិការសឹករងកណ្ដាល ទទួលបានអង្ករ១០តោន, ត្រីខ ៣០កេស, កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ ១គ្រឿង និងថវិកា៤០លានរៀល។

* ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានអង្ករ ១០តោន, ត្រីខ ៣០កេស, កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ ១គ្រឿង, ម៉ាស៊ីនហ្វូតូកូពី ១គ្រឿង និងថវិកា ៤០លានរៀល។

* កងរាជអាវុធហត្ថខេត្តកណ្ដាល ទទួលបានអង្ករ ១០តោន, ត្រីខ ៣០កេស, កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ ១គ្រឿង, ម៉ាស៊ីនហ្វូតូកូពី ១គ្រឿង និងថវិកា៤០លានរៀល៕