(សៀមរាប)៖ អតីតរាជធានីអង្គរធំមានទំហំ ៩គីឡូម៉ែត្រក្រឡា ដែលស្ថាបនាឡើងជាបន្តបន្ទាប់ក្នុងរាជ្យនៃព្រះមហាក្សត្រជាច្រើនតំណ និងបន្តរហូតដល់ព្រះបាទជ័យវរ្ម័នទី៧។

អតីតរាជធានីនេះមានកំពែងបួនជ្រុងព័ទ្ធជុំវិញ ដែលជ្រុងនីមួយៗមានប្រវែង ៣គីឡូម៉ែត្រ។ កំពែងទាំងបួនជ្រុងក៏មានខ្លោងទ្វារសំខាន់ៗចំនួន ៥ បែទៅរកទិសធំៗចម្បងទាំងបួន ដូចជា ខាងកើតមានខ្លោងទ្វារជ័យ និងខ្លោងទ្វារខ្មោច ខាងលិចមានខ្លោងទ្វារតាកាវ ខាងត្បូងមានខ្លោងទ្វារទន្លេអុំ និងខាងជើងមានខ្លោងទ្វារដីឆ្នាំង។ បន្ទាប់ពីកំពែង ផ្នែកខាងក្រៅបន្ទាប់ទៀតនោះ គឺកសិន្ធុទឹកព័ទ្ធជុំវិញផងដែរ។

នៅចំកណ្ដាលនៃអតីតរាជធានីអង្គរធំ មានប្រាសាទបាយ័នដ៏ល្អឯក កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ កំពូលប្រាសាទបាយ័នមានចម្លាក់ព្រហ្មមុខបួនបែរព្រះភ័ក្រទៅទិសធំៗទាំងបួន និងបានបង្ហាញស្នាមញញឹមមិនចេះ រីងស្ងួតទៅកាន់អ្នកទេសចរគ្រប់ជាតិសាសន៍ ព្រមទាំងបានលើកតម្លៃវប្បធម៌ជាតិឱ្យកាន់តែវិសេសវិសាលជានិរន្តរ៍តរៀងទៅ៕