(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បាន​ទៅដល់​សាលាស្រុកពារាំង​ ដើម្បី​ប្រគល់​ទឹកបរិសុទ្ធ​ កម្ពុជា ១០០០កេស និងទឹក​ក្រូច​អាយស៍ ២៥០កេស សម្រាប់​ប្រើប្រាស់​ក្នុងកិច្ចការ​ងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និង​ផ្ដល់ជូនពលរដ្ឋដែលកំពុងជួបបញ្ហា​លំបាក​ ក្នុងស្រុកពារាំង​ ខេត្តព្រៃវែង កាលពីថ្ងៃទី​៧​ ខែឧសភា​ ឆ្នាំ​២០២១​។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ​ នាយក​ទំនាក់​ទំនង​សាធារណៈ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ មាន​ប្រសាសន៍​ថា៖ «​ខ្មែរ ប៊ែវើរីជីស ​បន្ត​ស្វះស្វែងជានិច្ច ដើម្បីចូលរួម​ជាមួយ​កងទ័ពជួរមុខ ដែល​កំពុង​ទប់ទល់​នឹង​ជំងឺ​កូវីដ-១៩ ព្រោះ​ក្រុមហ៊ុនជឿជាក់​ថា​ ការ​រួមដៃគ្នា​ម្នាក់បន្តិចៗរបស់យើងទាំងអស់គ្នា នឹងអាចយកឈ្នះពេលវេលាមួយនេះ ហើយ​ប្រទេសយើងនឹងអាចប្រែទៅជាល្អឡើងវិញ​ឆាប់​ៗ​ជាក់​ជា​មិនខាន»

លោក ហ៊ី ធួក អភិបាល​ស្រុក​ពារាំង បាន​​ថ្លែង​​អំណរគុណ​​​ដល់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​បានគិតគូរ​ដល់រដ្ឋបាលស្រុកពារាំង ដើម្បីយកជំនួយនេះទៅជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ​មួយចំនួនដែល​​កំពុង​ជួប​បញ្ហា​លំបាក។

ក្រៅ​ពី​ឧបត្ថម្ភដើម្បី​ចូលរួម​​​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​កូវីដ-១៩ យុទ្ធនា​ការ​ «ទឹកចិត្តកម្ពុជា» ដែល​​បង្កើត​ឡើង​​តំណាងទឹកចិត្តរបស់ក្រុមហ៊ុន​​ ខ្មែរ ប៊ែវើរីជីស មាន​គោលបំណង​ជួយ​ដល់សង្គម​កម្ពុជាក្នុងរូបភាពផ្សេងៗទៀត ក្នុង​រយៈ​ពេល​ពេញមួយឆ្នាំ២០២១៕