(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុម ការងារ ប្រគល់ទូរកាំរស្មីពណ៌ស្វាយ អ៊ុលត្រាវីយូលែត (UV) សម្លាប់មេរោគ ដល់បណ្តាមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ ដើម្បីយកទៅប្រើប្រាស់បន្ថែមពីលើការប្រើប្រាស់ទឹកថ្នាំនិងអាល់កុលសម្លាប់មេរោគ លើសម្ភារៈ បរិក្ខា ឯកសារ ឬ គ្រឿងឧបភោគបរិភោគ ម្ហូបម្ហារ បន្លែត្រីសាច់ មុននាំចូលក្នុងអង្គភាពនីមួយៗ ដើម្បីឲ្យរឹតតែសុវត្ថិភាព។

ព្រមជាមួយគ្នានោះ ផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលែក ផ្លែត្រឡាច និងផ្លែល្ពៅ ដែលជាអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់តាមរយៈក្រុមការងារ មកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តទៅឲ្យមូលដ្ឋានកងរាជ អាវុធហត្ថខណ្ឌទាំង១៤ យកទៅច្នៃជាម្ហូបម្ហារ បន្ថែម ដល់នាយទាហាន នាយទានហានរង និងពលទាហាន ក្រោមឱវាទរៀងៗខ្លួន៕