(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យ និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ដែលឈរជើងការពារតំបន់បិទខ្ទប់ ដែលជាតំបន់ក្រហមនៅទួលសង្កែ ខណ្ឌឫស្សីកែវ និងតំបន់បុរីរុងរឿង ខណ្ឌជ្រោយចង្វារ។

នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ត្រូវរក្សាអនាម័យ គោរពវិន័យ បទបញ្ជា ក្រមសីលធម៌ សុជីវធម៌ អនុវត្តនូវវិធាន ៣ ការពារ ៣ កុំ វិធានការសុខាភិបាល និងប្រកាន់ភ្ជាប់នូវទិសស្លោក ចំពោះប្រទេសជាតិ ត្រូវការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវគោរព បទល្មើសត្រូវតែបង្រ្កាប៕