(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទ្រទ្រង់ជីវភាពនោះ កុំទៅដណ្តើមជំនួយពីប្រជាពលរដ្ឋដែលមិនមានលទ្ធភាព និងកំពុងខ្វះខាតពិតប្រាកដនោះ។

ក្នុងសារសំឡេងពិសេសមួយនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចបានទទួលព័ត៌មាន និងរូបភាពមួយចំនួនបង្ហាញថា ពលរដ្ឋមួយចំនួននៅតំបន់បិទខ្ទប់ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទ្រទ្រង់ជីវភាពរបស់ពួកគេ តែពួកគេនៅតែទាមទារជំនួយពីអាជ្ញាធរ។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «អ្នកដែលមានលទ្ធភាពកុំមកដណ្តើមយកជំនួយអ្នកដែលត្រូវការជួយ កំពុងទាមទារឱ្យជួយ ក្នុងពេលយើងមានលទ្ធភាពគ្រប់គ្រាន់ ហើយបែរជាទាមទារសមធម៌។ នេះជាការគួរឱ្យខ្មាសអៀនសម្រាប់អ្នកដែលមានលទ្ធភាព»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចែកស្បៀងអាហារនេះមិនងាយស្រួលនោះទេ ដើម្បីចែកស្បៀងជូនប្រជាពលរដ្ឋឱ្យបានមួយថ្ងៃ២ម៉ឺនគ្រួសារ គឺប្រើកម្លាំងជាច្រើនក្នុងការវេចខ្ចប់ និងដឹកជញ្ជូន លីសែង ជូនប្រជាពលរដ្ឋ។

ដូច្នេះសម្តេចតេជោ សង្ឃឹមថា អ្នកដែលមានលទ្ធភាពនឹងមិនដណ្តើមជំនួយនោះឡើយ ដើម្បីទុកឱ្យអាជ្ញាធរអាចចែកជូនអ្នកខ្វះលទ្ធភាពបានលឿន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលមិនទាន់បានជំនួយនេះផងដែរ ព្រោះថាការចែកមានចំនួនច្រើន និងមានការលំបាក ព្រោះកន្លែងចែកជាកន្លែងប្រឈមការឆ្លងជំងឺកូវីដ១៩ខ្លាំង។

យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋជាង ៣០ម៉ឺនកញ្ចប់ហើយ ចាប់តាំងពីពេលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩នោះ៕