(ភ្នំពេញ)៖ អំណោយជាថវិកា និងស្បៀងអាហារជាច្រើនមុខរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេល នៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នៅរាជធានីភ្នំពេញ។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅភូមិគ្រឹះរបស់សម្តេច ហេង សំរិន នៅចំការមន ខណ្ឌចំការមន។

អំណោយរបស់សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖

* ថវិកាចំនួន ២០,០០០,០០០រៀល
* អង្ករនាងមិញ ចំនួន ១១,២៥០គីឡូក្រាម
* ត្រីខ ចំនួន ៤៥កេស
* មីចំនួន ៤៥០កេសតូច
* ពងទាចំនួន ៤,៥០០គ្រាប់
* សាប៊ូ (សាប៊ូកក់សក់, សាប៊ូដុសខ្លួន, ថ្នាំដុសធ្មេញ) ចំនួន ៤៥០កញ្ចប់។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងថា សម្តេចពញាចក្រី ហេង សំរិន មិនត្រឹមតែបានរំដោះប្រទេសចេញពីរបបប៉ុលពតទេ នៅពេលនេះពេលប្រជាពលរដ្ឋជួបទុក្ខភ័យសម្តេច បានជួយឧបត្ថមជាថវិកា និងស្បៀងអាហារជាច្រើនមុខថែមទៀតជូនប្រជាពលរដ្ឋ។

ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ លោកសូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ដែលបានឧបត្ថម្ភ អំណោយជាថវិកា និងស្បៀងអាហារជាច្រើនមុខខាងលើនេះ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងអំឡុងពេល នៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅក្នុងតំបន់ក្រហម។

ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ ស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់សម្តេចពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ដែលកន្លងមកសម្តេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង បានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ដោយឈរលើបុព្វហេតុជាតិ សំដៅជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ជាពិសេសនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះគ្រោះភ័យ បណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩។

លោក ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងអំឡុងពេល នៃការផ្ទះរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» បានប្រមាណជាង៣០ម៉ឺន គ្រួសារហើយ នៅរាជធានីភ្នំពេញ ហើយក៏មិនទាន់មានប្រទេសណាមួយយកអំណោយទៅប្រគល់ឲ្យប្រជាពលរដ្ឋដល់មុខផ្ទះនោះដែរ តែសម្រាប់កម្ពុជាបាននិងកំពុងអនុវត្តការងារនេះ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ សម្តេចពញាចក្រី ហេង សំរិន បានថ្លែងថា អំណោយទាំងនេះ ជាអំណោយដែលចៅរបស់សម្តេច ប្រគល់ជូនសម្តេចទើបសម្តេច សម្រេចប្រគល់មកឲ្យ រដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នៅរាជធានីភ្នំពេញ។

សម្តេច ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ព្រោះជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជា ក៏ដូចជាពិភពលោកទំាងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។

សម្តេចបានលើកទឹកចិត្តដល់ពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួន និងបង្កើតភាពស៊ាំក្នុងសហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង៕