(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបន្តផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រចំនួន២ នៅក្នុងស្រុកព្រៃនប់ រយៈពេល៥ថ្ងៃបន្ថែមទៀត ក្រោយរកឃើញកម្មករកើតជំងឺកូវីដ១៩។

បើតាមលិខិតរបស់លោក គួច ចំរើន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើយោងតាមការពិនិត្យវាយតម្លៃរបស់ក្រុមការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅមិនទាន់អស់ករណីអ្នកពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ១៩ នៅក្នុងរោងចក្រនៅឡើយទេ»

រោងចក្រទាំង២នេះ រួមមាន៖

* ទី១៖ បន្តផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ននូវកម្មរោងចក្រ ខេម អាយបែរ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ រយៈពេល៥ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រកាន់តែខ្លាំងថែមទៀត។

* ទី២៖ បន្តផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ននូវរោងចក្រ ដាប់ប៊ែលយូអ៊ុជីស៊ី មេនូហ្វេកធើរីង មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ រយៈពេល ៥ថ្ងៃបន្ថែមទៀត ក្រោយរកឃើញកម្មករកើតជំងឺកូវីដ១៩។

អាស្រ័យហេតុនេះសូម លោកនាយករោងចក្រ បន្តកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយ ក្រុមការងារ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ ដើម្បីឈានទៅកាត់ផ្តាច់ឬសគល់នៃប្រភពចម្លងមេរោគកូវីដ១៩ ក្នុងរោងចក្រឱ្យបានកាន់តែឆាប់រហ័ស៕

ខាងក្រោមនេះជាលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ៖