(ភ្នំពេញ)៖ ក្រុមឱសថស្ថាន Nextypharm នៅប្រទេសបារាំង បានផ្តល់ជំនួយថ្នាំប៉ារ៉ាសេតាម៉ុល (Paracetamol) សរុបចំនួន ១៤,០០០ ប្រអប់ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៤,០០០ ប្រអប់ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ១០,០០០ ប្រអប់។

ជំនួយថ្នាំប៉ារ៉ាសេតាម៉ុលខាងលើនេះ ត្រូវបានប្រគល់ជូនស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីរក្សាទុកជាបណ្ដោះអាសន្នសិន ហើយត្រៀមដឹកជញ្ជូនមកប្រទេសកម្ពុជា ក្នុងពេលពេលឆាប់ៗខាងមុខ។

បេសកកម្មផ្តល់ជំនួយថ្នាំប៉ារ៉ាសេតាម៉ុលនេះ ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយលោកស្រី VONG Mélanie ប្រធានក្រុមឱសថស្ថាន Nextypharm និងស្វាមី លោក Christian Vong ក្នុងស្មារតីសាមគ្គីភាពដ៏រឹងមាំ «ខ្មែរជួយខ្មែរក្នុងពេលលំបាក» ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកស្រី Mélanie បានលើកឡើងថា ថ្នាំប៉ារ៉ាសេតាម៉ុល គឺជាថ្នាំចាំបាច់បថមសម្រាប់ព្យាបាលរោគសញ្ញាផ្សេងៗនៃជំងឺកូវីដ-១៩ ហើយក្រុមឱសថស្ថាន Nextypharm សូមចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតជោ និងក្រុមគ្រូពេទ្យទាំងអស់ ដែលជាកងទ័ពអាវសដ៏អង់អាចនៅកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ពិភពលោក គឺជំងឺកូវីដ-១៩។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានថ្លែងអំណរគុណដល់ក្រុម និងសមាជិកទាំងអស់របស់ Nextypharm ចំពោះកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លានេះ ព្រមទាំងបានសម្តែងអំណរសាទរ និងកោតសរសើរដល់ Nextypharm ដែលតែងតែបានបង្ហាញឆន្ទៈខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីជាតិខ្មែរយ៉ាងស្អិតល្មួត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្ថានឯកអគ្គរាជទូតកម្ពុជានៅប៉ារីសលើវិស័យជាច្រើន ដូចជា ជំងឺកូវីដ-១៩ គ្រោះធម្មជាតិ ការបណ្តុះបណ្តាលវិជ្ជាជីវៈឱសថការី និងវិស័យវប្បធម៌ជាដើម។

លោក កេត សោផាន់ បានបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំងនឹងរៀបចំបញ្ជូនថ្នាំពេទ្យទាំងនេះមកប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។

ជាមោទនភាពដែលសហគមន៍ខ្មែរនៅបារាំង មានក្រុមឱសថស្ថាន (Pharmaceutical Group) ធំជាងគេ បើប្រៀបធៀបទៅនឹងជនជាតិអាស៊ីផ្សេងទៀតដែលបានមករស់នៅទឹកដីបារាំង ដូចជា វៀតណាម និងថៃជាដើម។ ចំណុចសំខាន់បំផុតនោះ គឺជនជាតិខ្មែរមានសាមគ្គីភាពខ្ពស់ និងរឹងមាំជាង ទើបអាចបង្កើត ថែរក្សា និងមានភាពរីកចម្រើនដូចសព្វថ្ងៃ៕