(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ និងអ្នកដែលរងរបួសដោយគ្រោះធម្មជាតិ ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ភូមិក្រសាំង ឃុំក្រសាំង និងភូមិអន្សោង ឃុំជ្រៃធំ នៃស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងឱកាសនេះដែរ លោកស្រីបានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលសម្តេច បានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការជំរុញឲ្យប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ព្រមទាំងការគិតគូរអំពីការផ្តល់ស្បៀង និងជំនួយសង្គ្រោះបឋមនៅតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកស្រី បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ផងដែរ ព្រោះបច្ចុប្បន្ននេះ ករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ។

លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលដ្ឋឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈការតាមដាន សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការត្រៀម បង្ការផ្សេងៗទៀតដើម្បីបញ្ចៀសនូវការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

អំណោយដែលប្រគល់នាពេលនេះដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស និងថវិកាមួយចំនួន៕