(កំពង់ធំ)៖ ស្របពេលស្ថានភាពជំងឺកូវី១៩ កំពុងឆ្លងរាលដាលចូលក្នុងសហគមន៍ក្នុងស្រុកស្ទោង លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោក សុក ហៃ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះក្នុងឃុំសំព្រោជ ស្រុកស្ទោង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។

លោក ឃឹង នុភាព បានណែនាំសូមឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ប្រជាការពារ ក៏ដូចជាមេភូមិ មេឃុំ ប្រសិនបើមានចំណូលថ្មីមកតំបន់របស់បងប្អូនសូមរាយការណ៍មកសមត្ថកិច្ច ឬអាចទាក់ទងមកលោកដោយផ្ទាល់ក៏បាន ក្នុងន័យការពារពួកគាត់មកពីតំបន់ហានិភ័យ ឬបុគ្គលដែលបានគេចចេញពីមណ្ឌលធ្វើចិត្តាឡីស័ក ហើយយកជំងឺមកចម្លងដល់សហគមន៍របស់យើង។

លោក ឃឹង នុភាព ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេសដោយរស់នៅមានអនាម័យល្អ ពិសារទឹកដាំពុះ បរិភោគអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវ កាប់ឆ្ការព្រៃជុំវិញផ្ទះ ឱ្យបានស្អាត លុបបំបាត់ថ្លុក សំបកកង់ កំប៉ុង កុំឱ្យដក់ទឹក ដើម្បីកំចាត់ជម្រកម៉ូសខ្លា និងសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឱ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ផងដែរ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស រក្សាគម្លាតសង្គម ព្រោះបច្ចុប្បន្ននេះករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ។

ជាមួយគ្នានេះលោក ឃឹង នុភាព បានប្រគល់សម្ភារ និងថវិកាមួយចំនួនជូនដល់រដ្ឋបាលស្រុកស្ទោង ដើម្បីចាត់ចែងបន្តទៀតដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ៕