(ភ្នំពេញ)៖ សំរាប់ខែរ៉ម៉ាឌនឆ្នាំ២០២១នេះ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ទទួលជំនួយពីសប្បុរជនក្រៅប្រទេសពីបណ្តាប្រទេសផ្សេងៗ ចូលរួមចំណែកចែកកញ្ចប់អាហារស្រាយបួសជូនសាសនិកឥស្លាម ១,៥០០គ្រួសារ នៅតាមបណ្ដាខេត្ត-រាជធានីរួមមាន៖ រាជធានីភ្នំពេញ, កណ្តាល, កំពង់ចាម, ត្បូងឃ្មុំ, តាកែវ, កំពង់ឆ្នាំង និងខេត្ត ដែលគិតជាថវិការជាង ៦ម៉ឺនដុល្លារអាមេរិក។

នេះបើតាមការឲ្យដឹងពីលោក ស្លេះ ណាស៊ី ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា និងជាទីប្រឹក្សាក្រសួងព័ត៌មាន បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។

លោកបន្តថា ក្នុងខែរ៉ាម៉ាឌនរបស់សាសនិកឥស្លាមឆ្នាំ២០២១នេះ សប្បុរជន និងអង្គការជាដៃគូរមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានឧត្ថម្ភជាថវិកាសម្រាប់ទិញជាកញ្ចប់អាហារស្រាយបួសសម្រាប់ចែកជូនចំនួន ១៥០០គ្រួសារ ពីសប្បុរសជនមានមកពីបណ្តាប្រទេសផ្សេងៗគ្នាដូចជា៖ សិង្ហបុរី អង់គ្លេស អូស្ត្រាលី និងសហរដ្ឋអាមេរិកផងដែរ។

លោកបានឲ្យដឹងទៀតថា ក្រៅពីជាកញ្ចប់អាហារស្រាបួស មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ក្រោមកិច្ចសហការណ៍ជាមួយក្រសួងព័ត៌មាន ក៏ទទួលបានផ្លែល្មើចំនួន១០តោនផងដែរពីសប្បុរសជនសិង្ហបុរី ដើម្បីចែកជូនបងប្អូន សាសនិកឥស្លាម ក្នុងខែរ៉ាម៉ាឌននេះ។

លោក ស្លេះ ណាស៊ី បានសម្តែងនូវអំណរគុណយ៉ាងយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលនៅតែបន្តគាំទ្រសកម្មភាពមនុស្សធម៌របស់មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ហើយជាពិសេសនោះថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលតែងសម្រួលការងាររបស់អង្គការនានា ក្នុងការទទួលយកជំនួយក៏ដូចជា ការយកចិត្តទុកដាក់លើបងប្អូនសាសនិកឥស្លាម លើគ្រប់វិស័យដោយគ្មានការរើសអើង ដែលនេះជានយោបាយសុខដុមនីយកម្មសាសនាដ៏ល្អប្រសើរបំផុត និងជាគំរូសំរាប់ពិភពលោកផងដែរ៕