(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារនារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នេះ បាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៧០គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយមិននឹកស្មានដល់ បង្កឲ្យមានការខូចខាត ផ្ទះសម្បែងរបស់បងប្អូនបែបនេះ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះទាន់ពេលវេលាស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភពដង្កូវទឹក បំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺគ្រុនឈាម ជាដើម។ លោក អ៊ុន ចាន់ដា បានរំលឹកការចងចាំថា «ភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម»។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសាររងគ្រោះទាំង៧០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម, មី យើង ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីវអ៊ីវ១យួរ ត្រីខ ១០កំប៉ុង, ឃីត១ និងថវិកា១០០,០០០រៀលផងដែរ៕