(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច បន្តចុះត្រួតពិនិត្យដោះស្រាយរាល់ស្បៀងអាហារឱ្យទាន់ពេលវេលាជូនបង-ប្អូនប្រជាពលរដ្ឋ ពិសេសបន្តចុះយាមល្បាតតាមតំបន់បិទខ្ទប់ សំខាន់កុំឱ្យ «តំបន់លឿង» ក្លាយជា «តំបន់លឿងទុំ» ហើយ «តំបន់លឿងទុំ» កុំឱ្យក្លាយជា «តំបន់ក្រហម» ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ការដាក់បទបញ្ជាបែបនេះរបស់លោក ជា ពិសី បានធ្វើឡើងដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, ប្រធានអនុប្រធានតាមបណ្ដារការិយាល័យជុំនាញខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌ និងលោក-លោកស្រីចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំបន្ទាន់នេះ លោក ជា ពិសី បានគូសបញ្ជាក់ថា យើងត្រូវរួមគ្នាអនុវត្តដាច់ខាតកុំឱ្យ «តំបន់លឿង» ក្លាយជា «តំបន់លឿងទុំ» ហើយកុំឱ្យ «តំបន់លឿងទុំ» ក្លាយជា «តំបន់ក្រហម» ឱ្យសោះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងដើម្បីបង្ហាញពីឆន្ទៈនៃការខិតខំប្រែងសម្រាប់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកអភិបាលខណ្ឌឫស្សីកែវ បានគូសបញ្ជាក់ទៀតថា ដាច់ខាត «កុំជិះសេះលែងដៃ» ហើយត្រូវអំពាវនាវប្រជាពលរដ្ឋ ឱ្យធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់ក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕