(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ទាំង៤នាក់ ដែលទើបរកឃើញនេះរួមមាន៖
១៖ ឈ្មោះ អិ សារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ អាសយដ្ឋាននៅភូមិគោកដឿ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ធ្វើដំណើរមកពីរាជធានីភ្នំពេញ។
២៖ ឈ្មោះ ទឹម គឹមទន់ ភេទប្រុស អាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ធ្វើដំណើរមកពីរាជធានីភ្នំពេញ។
៣៖ ឈ្មោះ ញាន លេ ភេទស្រី អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិល្វា ឃុំល្វា ស្រុកពួក ធ្វើដំណើរមកពីស្រុកពញាឮ ខេត្តកណ្តាល។
៤៖ ឈ្មោះ ទិត ឡូ ភេទប្រុស អាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ធ្វើដំណើរមកពីសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាមិត្តភក្ដិ របស់ រូន រាន់ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា យោងតាមទិន្នន័យបានមកពីការស្រង់ស្ថិតិអ្នកធ្វើដំណើរចូលខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ខាងលើ ត្រូវបានក្រុមការងារពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិនៅព្រំប្រទល់សន្និដ្ឋានថា ជាករណីសង្ស័យ និងបានបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ។

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ មានអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ បានព្យាបាលជាផងដែរ។ អ្នកជំងឺដែលព្យាបាលជានេះ រួមមាន៖
១៖ ឈ្មោះ អូន អ៊ន ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិចំការខាងជើង ឃុំស្វាយជ្រុំ ស្រុកមេសា ខេត្តសព្រៃវែង ដែលវិជ្ជមានជំងឺកូវីដ-១៩ និងចូលសម្រាកព្យាបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
២៖ ឈ្មោះ ហួត រតនៈវត្ថុ ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ និងចូលសម្រាកព្យាបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
៣៖ ឈ្មោះ ឡៃ ដារី ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ និងចូលសម្រាកព្យាបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

អ្នកជាសះស្បើយទាំង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៨នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២០នាក់ ស្លាប់១នាក់ និង ៤៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

រដ្ឋបាលខេត្តសៀមរាប បានជម្រាបប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕