(ភ្នំពេញ)៖ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា បានត្រៀមបញ្ចេញកញ្ចប់ឥណទានបន្ថែម ជាមួយនឹងការបញ្ចុះអត្រាការប្រាប់ទាបជាងមុន ដើម្បួជួយស្រោចស្រង់អាជីវកម្ម របស់បងប្អូនពលរដ្ឋដែលបានរងគ្រោះដោយវិបត្តិកូវីដ១៩។ នេះបើតាមលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងសមាគមមីក្រូហិរញ្ញវត្ថុ។

លោក កាំង តុងងី បានឲ្យដឹងថា «វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បានប្ដេជ្ញាចិត្តថា នឹងបន្ដបញ្ចេញឥណទានបន្ថែម ដើម្បីជួយស្ដារអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ១៩ និងព្យាយាមទម្លាក់អាត្រាការប្រាក់ឲ្យទាប»។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់ការបញ្ចុះអាត្រាការប្រាក់នេះ នឹងដំណើរការតាមគ្រឹះស្ថានផ្សេងៗ មានន័យថា គ្រឹះស្ថានខ្លះអត្រាការប្រាក់ មានដល់១៨ភាគរយក្នុងមួយឆ្នាំ ហើយគ្រឹះស្ថានខ្លះមានទំហំតូច ដែលផ្ដល់ឥណទានត្រឹមតែ១-២ពាន់ដុល្លារ ដូច្នេះអាត្រាការប្រាក់មិនអាចទម្លាក់នោះទេ ចំណែកឯគ្រឹះស្ថានមួយចំនួនទៀត យកអត្រាការប្រាក់ត្រឹមតែចន្លោះ៧-៩ភាគរយក្នុងមួយឆ្នាំ ប៉ុន្ដែការផ្ដល់ឥណទានរបស់ពួកគាត់ តម្រូវការលក្ខខណ្ឌហើយទំហំឥណទាន ចាប់ពី១-៣ម៉ឺនដុល្លារឡើងទៅ ដូច្នេះលក្ខខណ្ឌ និងអត្រាការប្រាក់របស់គ្រឹះស្ថាននីមួយៗ មានភាពខុសៗគ្នា។

លោកបន្ដថា តែយ៉ាងណាក៏ដោយភាគច្រើន នៃសមាជិកបានបង្ហាញថា យ៉ាងតិចណាក៏បញ្ចុះបាន១ភាគរយក្នុងមួយឆ្នាំ មានន័យថាកន្លងមកធ្លាប់យក៩ភាគរយ ដូច្នេះពួកគាត់នឹងព្យាយាមទម្លាក់ ឲ្យបាន៨ភាគរយក្នុងមួយឆ្នាំ ចំណែកអ្នកធ្លាប់យក១៥ភាគរយ នឹងបញ្ចុះត្រឹមតែ១៤ភាគរយក្នុងមួយឆ្នាំ ប៉ុន្ដែសមាគមបានទុកលទ្ធភាពឲ្យ គ្រឹះស្ថានបញ្ចុះអត្រាការប្រាក់ តាមលទ្ធភាពដែលអាចធ្វើបាន។

លោកបន្ថែមថា «សមាជិកទាំង១១៤របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញការយោគយល់ខ្ពស់ បង្ហាញការចូលរួមជាមួយបញ្ហារបស់អតិថិជន មួយវិញទៀតស្ថានភាពគ្រឹះស្ថានទាំងអស់ មានភាពខុសៗគ្នា ព្រោះគ្រឹះស្ថានខ្លះមានទុនរហូត ដល់រាប់ពាន់លានដុល្លារ ចំណែកឯគ្រឹះស្ថានខ្លះទៀតមានទុនត្រឹមតែសិបម៉ឺនដុល្លារប៉ុណ្ណោះ ដូច្នេះហើយបានជាសមាគមផ្ដល់លទ្ធភាព ដល់គ្រឹះស្ថានអ្នកសម្រេចបញ្ចុះតាមលទ្ធភាព ដែលពួកគាត់អាចធ្វើបាន ហើយសមាគមនឹងតាមដានការអនុវត្តន៍របស់ពួកគាត់ជាប្រចាំ»