(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានច្រានចោលចំពោះការចោទប្រកាន់តាមបណ្ដាញសង្គម Facebook ថា លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានហៅទូរស័ព្ទទៅគំរាមគេឯង។

តាមរយៈសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់គណនី Facebook ឈ្មោះ «ឱសថបុរាណភ្នំទ្រទ្រង់» បានប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់លោកអធិការ និងកិត្យានុភាពនៃកម្លាំងនគរបាលជាតិទាំងមូល។

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្នើឲ្យម្ចាស់គណនី Facebook ខាងលើបញ្ឈប់សកម្មភាព និងធ្វើការបកស្រាយសុំទោសជាសាធារណៈជាបន្ទាន់ បើមិនដូច្នេះទេអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងគោរពសុំគោលការណ៍អនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន ៕