(ស្នួល-ក្រចេះ)៖ ដើម្បីចូលរួមអបអរសាទរការប្រារព្ធខួបលើកទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមជាមួយលោកស្រី អស់លោកជាមន្ត្រីរាជការជាច្រើនរូបទៀត បានចុះទៅចែកអំណោយជូនដល់ប្រជាជនរស់នៅក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ចំនួន ៥០គ្រួសារ ដែលរងគ្រោះដោយខ្យល់ព្យុះកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។

អំណោយដែលក្រុមគ្រួសារនីមួយៗទទួលបានរួមមាន អង្ករ ស្បៀង សំភារៈប្រើប្រាស់ និងថវិកាចំនួន ១០ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនៃការចែកអំណោយសង្គ្រោះនោះ លោករដ្ឋមន្ត្រី ព្រុំ សុខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះខូចខាតផ្ទះសំបែងដោយគ្រោះធម្មជាតិ។

ទន្ទឹមនោះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ពិសេសគឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាជនយើងនៅទូទាំងប្រទេសប្រយុទ្ធឱ្យឈ្នះកូវីដ-១៩ នាំសង្គមជាតិយើងវិលត្រឡប់ទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញយ៉ាងឆាប់រហ័ស សំដៅជម្រុញបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រទេសជាតិយើងឆ្ពោះទៅកាន់អនាគតរុងរឿងថ្កើងថ្កាន៕