(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសពីការរកឃើញ និងបង្ហាអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ម្នាក់បន្ថែមទៀត ជាស្ត្រីពលករខ្មែរ ទើបវិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ កាល់ពីថ្ងៃទី០៨ ខែឧសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ស្ត្រីដែលកើតជំងឺកូវីដ១៩នេះ មានឈ្មោះ ឆៃ ស៊ីណា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិគោកសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ននេះ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

ស្ត្រីខាងលើនេះជាពលករ វិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ បានឆ្លងដែនមកប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែននៃខេត្តបន្ទាយមានជ័យ និងត្រូវបានដាក់ឱ្យធ្វើចតា្តឡីស័ក នៅមណ្ឌលចត្តាឡីស័កពហុកីឡដ្ឋានខេត្ត ដោយបានស្នាក់នៅជាមួយពលករ ៣នាក់ផ្សេងទៀត។ ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបានធ្វើតេស្ករហ័សអ្នកពាក់ព័ន្ធទាំង៣នាក់ ទទួលបានលទ្ធផលអវិជ្ជមាន និងបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់ឧត្តមរដ្ឋា (QC2) ដើម្បីតាមដានសុខភាព និងយកសំណាកពិនិត្យរកមេរោគកូវីដ១៩ ព្រមទាំងបន្តស្រាវជ្រាវប្រវត្តិ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ចែងតាមនីតិវិធីបន្ត។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ខេត្តឧត្តរមានជ័យមាន អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ (ស្រី៤នាក់) បានព្យាបាលជាសះស្បើយចំនួន ២នាក់ (ស្រី១នាក់) កំពុងសម្រាកព្យាបាលចំនួន៤នាក់ (ស្រី៣នាក់) ជាករណីនាំចូលពីក្រៅប្រទេស៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖