(កំពង់ចាម)៖ រដ្ឋបាលខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្ស ចំនួន១៦នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ថ្មីបន្ថែមទៀតនេះ មាននៅស្រុកស្រីសន្ធរ ចំនួន២នាក់, ស្រុកកងមាស ចំនួន២នាក់, ស្រុកបាធាយ ចំនួន៧នាក់, ស្រុកចំការលើ ចំនួន៤នាក់ និងស្រុកកំពង់សៀម ម្នាក់។ ក្នុងនោះរដ្ឋបាលខេត្តក៏បានបញ្ជាក់អំពីអ្នកជាសះស្បើយ ចំនួន៩នាក់ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ដកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នឹងអ្នកជំងឺបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755៕