(ស្វាយរៀង)៖ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យជាជនជាតិខ្មែរ និងវៀតណាម ចំនួន៥នាក់ រួមនឹងថ្នាំញៀនមួយចំនួនធំ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ពាក់ពន្ធ័ករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់។

សមត្ថកិច្ច បានបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយរូបលោកផ្ទាល់ក្រោមការសម្របសម្រូលពីផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង នៅលើផ្លូវជាតិ ចំណុចគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ គ្រឿងញៀន និងអាវុធជាតិផ្ទុះ ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ កាន កេន នាយការិយាលយ័ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់១ករណី។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ដោយជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ១នាក់ឈ្មោះ ហ៊ួ តឹក ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀន ពីភ្នំពេញមកស្វាយរៀង

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងជំនាញចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១០កញ្ចប់ធំទម្ងន់ ៩,៩៥៨.៦២ក្រាម ថ្នាំញៀនប្រភេទកេតាមីនចំនួន ០២កញ្ចប់ធំ ទម្ងន់១,៣៦៥.១៣ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់តូចទម្ងន់ ២០.៩៩ក្រាម ទឹកថ្នាំដបសង្ស័យជាសារធាតុញៀនចំនួន១ដប រថយន្ត ១គ្រឿងម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE6174ទូរស័ព្ទដៃ១គ្រឿង។

សមត្ថកិច្ចបានបន្ថែមថា ក្រោយពីឃាត់ខ្លួនធ្វើការសាកសួរកម្លាំងសមត្ថកិច្ចយើងបានបន្តស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកនៅរង់ចាំដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសវៀតណាម នៅចំណុចឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានចំនួន ២នាក់បន្ថែមទៀត៖

ទី១៖ ឈ្មោះ នុត ប៊ុនធឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅ ភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍(ជាមុខសញ្ញាដឹកជញ្ជួនគ្រឿងញៀនឆ្លងដែន)

ទី២៖ ឈ្មោះ ឡេ យំាងគួ ភេទប្រុស ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍(ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន)។

សមត្ថកិច្ចបានបន្ថែមថា ដោយមាននការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (ការិយាល័យ ក១០) ដឹកនាំដោយលោក សារីបុត្រ សត្យា និងលោក ហៀប ដារ៉ាត់ នាយរងមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន ២នាក់បន្ថែមទៀត

ទី១៖ ឈ្មោះ ង្វៀង ថាន់លីន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាកនៅចំណុចខុនដូលេខ១៣ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមុខសញ្ញាជួយដូរគ្រឿងញៀនឆ្លងដែន។

ទី២៖ ឈ្មោះ ហេង សុវុត្ថា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែភាសាចិន មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ជាមុខសញ្ញាជួញដូរគ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារនៅខេត្តស្វាយរៀង រយៈពេល៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនចំនួន ៣កញ្ចប់ ព្រមទាំងឧបករណ៍ និងសម្ភារមួយចំនួនទៀតផងដែរ៕