(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បន្ដនាំយកទៅចែកជូនប្រជាពលរដ្ឋ ចំនួន៥,០០០គ្រួសារបន្ថែមទៀត ដែលរស់នៅតំបន់ក្រហម ក្នុងខណ្ឌមានជ័យ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ពេលកំពុងបិទខ្ទប់។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានបន្ដយកអំណោយចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន៥,០០០ គ្រួសារ ដល់ខ្នងផ្ទះ ដល់បន្ទប់ជួល ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងបិទខ្ទប់។

ក្នុងនោះនៅសង្កាត់ស្ទឹងមានជ័យ១ ចំនួន១,០០០គ្រួសារ, ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ចំនួន២,០០០គ្រួសារ, ស្ថិតក្នុងភូមិដំណាក់ធំ៤ ចំនួន១,២៣៩គ្រួសារ, ភូមិ៥ ចំនួន៧៦១គ្រួសារ និងសង្កាត់ស្ទឹងមានជ័យ៣ ចំនួន២,០០០គ្រួសារ, ស្ថិតក្នុងភូមិដំណាក់ធំ២ ចំនួន១,០០០គ្រួសារ និងភូមិទ្រា៤ ចំនួន១,០០០គ្រួសារ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ , មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងត្រីខ ១យួរផងដែរ។

លោក នួន ផារ័ត្ន បានលើកឡើងថា សម្ដេចទាំងទ្វេបានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាក ធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាតមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ។

ទន្ទឹមនឹងនេះ ក្រុមការងារសូមប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កផងដែរ។

ជាមួយគ្នានេះដែរ ក្រុមការងារបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមការអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ៕