(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ក្នុងរយៈពេលកន្លងមកនេះ មានជនអនាមិកមួយចំនួនបានបង្កើតផេក Facebook ឈ្មោះថា «Cambodia Weather Service» ដោយបានបង្ហោះព័ត៌មានមួយចំនួន ស្តីពីស្ថានភាពអាកាសធាតុដែលមិនត្រឹមត្រូវនាំ ឲ្យមានការយល់ច្រឡំពីប្រជាពលរដ្ឋ និងមហាជនទូទៅ។

សម្រាប់ស្ថានភាពអាកាសធាតុទូទៅ ក៏ដូចជាស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាស្ថាប័នរដ្ឋតែមួយគត់របស់រាជរដ្ឋាភិបាល តែងតែចេញផ្សាយតាម សេចក្តីជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មាន និងបង្ហោះតាមផេកផ្លូវការរបស់ក្រសួងដែលមានឈ្មោះថា «ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology» ដូច្នេះរាល់ផេកទាំងឡាយ ឬគណនីហ្វេសបុកណាមួយដែលបានបង្ហោះ និងធ្វើការផ្សព្វផ្សាយពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា មិនមែនជាការពិតនោះឡើយ សូមសាធារណជនកុំមានការភ័ន្តច្រឡំ។

តាមរយៈការផ្សព្វផ្សាយព័ត៌មានអាកាសធាតុ ដែលមិនមែនជាស្ថាប័នទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម សូមច្រានចោលទាំងស្រុង និងមិនទទួលខុសត្រូវនោះឡើយ និងចាត់ទុកថា ជាចេតនាមួយរបស់ជនអនាមិកទាំងនោះ នាំឲ្យមានការយល់ខុស និងបង្កជាចលាចល លើស្ថានភាពអាកាសធាតុជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។

ក្រសួងធនធានទឹក និងឧតុនិយម នឹងមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលនៅតែបន្តការបង្ហោះផ្សព្វផ្សាយព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុមិនពិតនេះ ក្នុងបំណងទុច្ចរិតណាមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬដើម្បីបំភាន់មតិសាធារណជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕