(រតនគិរី)៖ រដ្ឋបាលខេត្តរតនគីរី បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាលើកដំបូងនៅក្នុងខេត្តរបស់ខ្លួន លើបុរស២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័ស ដែលបានធ្វើឡើងដោយក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី នៅទីតាំងត្រួតពិនិត្យ (ចំណុចស្ពានស្រែពក) ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បានរកឃើញករណ៍វិជ្ជមានកូវីដ-១៩ លើពលរដ្ឋជនជាតិខ្មែរ ចំនួន០២នាក់ ពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដែលនេះជាករណីលើកដំបូងបង្អស់ក្នុងខេត្តរតនគិរី ដែលមានឈ្មោះដូចខាងក្រោម៖

* ទី១៖ ឈ្មោះ នឹម អេង ភេទប្រុស មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រីដៃ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ មុខរបរ ជាអ្នកដឹកជញ្ជូនទំនិញ
* ទី២៖ ឈ្មោះ គង់ វីន ភេទប្រុស មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រែសង្គម ឃុំត្រពាំងក្រេស ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរជាកម្មករលើកឥវ៉ាន់ក្រុមហ៊ុន។

បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន បានយកអ្នកជំងឺទាំង០២នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាល ស្ថិតនៅសាលាវិទ្យាល័យត្រពាំងក្រហម ភូមិបីត្រពាំងក្រហម ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគិរី ហើយក្រុមការងារបាននឹងកំពុងបន្តស្រាវជ្រាវរក អ្នកពាក់ព័ន្ធខាងលើនេះ។

រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនដល់សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយ និងអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ឬធ្វើការទំនាក់ទំនង ឬជូនដំណឹងមកក្រុមការងារឆ្លើយតបបន្ទាន់របស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ 0975957788 / 092121383 / 0977751212 / 012962480/ 0974989997 ដើម្បីពិនិត្យ ចាត់ចែងយក
សំណាកវត្ថុវិភាគរកជំងឺកូវីដ-១៩ និងអនុវត្តវិធានការចត្តាឡីស័កតាមគោលការណ៍ដែលបានកំណត់។

ក្នុងអំឡុងពេលនេះ សូមអ្នកពាក់ព័ន្ធ ឬអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មិនត្រូវមានការពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃផ្សេងទៀតឡើយ ហើយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក និងត្រូវមានកិច្ចសហការឲ្យបានល្អជាមួយមន្ត្រីជំនាញមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលចុះទៅធ្វើការផ្ទាល់៕