(ស្វាយរៀង)៖ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យទំនិញនៅផ្សារវាលយន្ត ក្រុងស្វាយរៀងដើម្បីស្វែងរកសារធាតុគីមីដែលដាក់ក្នុងម្ហូបអាហារ។

លោក ផឹង និល ប្រធានសាខា (ក.ក.ប) ខេត្ត បានឲ្យដឹងថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារ តាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន២៣គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ដោយសារកន្លងមកមន្ត្រីជំនាញ ចុះអង្កេតទីផ្សារញឹកញាប់ដូចនេះ អាជីវករទូទាំងខេត្តស្វាយរៀងមានការយល់ដឹងខ្ពស់។

លោកបានបន្តថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីពុះសណ្តែកចំនួន ១គីឡូក្រាម សារធាតុគីមី (Borax ) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការទិញទំនិញគ្រប់ប្រភេទត្រូវមើលការ បរិច្ឆេទបានច្បាស់លាស់ ជាមុនសិន មុននឹងទិញទៅបរិភោគចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព និងជាពិសេសត្រូវចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ អនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ការពារ ៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះ។

សូមបញ្ជាក់ថា មន្ត្រី (ក.ប.ប) ខេត្តស្វាយរៀង តែងតែយកចិត្តទុកដាក់ក្នងការពិនិត្យ មុខទំនិញនៅក្នុងផ្សារនានា ក្នុងខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕