(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ទៅលើកម្មការិនី ចំនួន៧នាក់នៅរោងចក្រ លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទាន់ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា មានកម្មករ-កម្មការិនី ប្រមាណ២០០នាក់ ត្រូវបានរកឃើញថា បានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកកើតជំងឺកូវីដ១៩ ចំនួន៧នាក់ ដែលជាកម្មករ-កម្មការនីធ្វើការនៅក្នុងរោងចក្រ លី ឈាងខប។

បើតាមលោកអភិបាលខេត្ត ចំពោះអ្នកពាក់ព័ន្ធទាំងអស់នោះត្រូវបាននាំមកធ្វើតេស្តពិនិត្យសំណាងដើម្បីរកមេរោគ ជំងឺកូវីដ១៩ និងបាននាំពួកគាត់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័កស្រុកបាធាយតែម្ដង។ ចំណែករោងចក្រ លី ឈាងខប ត្រូវបានសម្រេចឲ្យផ្អាកជាបណ្ដោះអាសន្ន។

លោកអភិបាលខេត្ត បានបន្តទៀតថា ចំពោះភូមិអកទៀង ស្ថិតនៅក្នុងឃុំតាំងក្រាំងស្រុកបាធាយ មានកម្មករ-កម្មការិនី ចំនួន៦នាក់ ដែលវិជ្ជមានកូវីដ១៩ ពួកគាត់មានលំនៅដ្ឋាននៅភូមិនោះ ហេតុដូច្នេះអាជ្ញាធរខេត្តត្រូវសម្រេចបិទខ្ទប់ភូមិនោះផងដែរ។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា ក៏បានចុះពិនិត្យមើលទីតាំងលើផ្លូវជាតិលេខ ៦ A នៅចំណុចផ្លូវបំបែកស្គន់ ក្នុងស្រុកជើងព្រៃ ឆ្ពោះទៅខេត្តកំពង់ធំ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់ជូនដាក់ភ្លើងសញ្ញាចរាចរណ៍ នៅចំណុចនោះដើម្បីកាត់បន្ថយ ការគ្រោះថ្នាក់ចរាចរណ៍ តាមការស្នើសុំរបស់អាជ្ញាធរខេត្តកំពង់ចាម។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ភ្លើងសញ្ញាសារាចរនោះ នឹងរៀបចំដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះ៕