(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ ទីប្រឹក្សាក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាលជាមួយ និងនាំអំណោយប្រគល់ជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងកំលុងពេលរាតត្បាតជំងឺកូវីដ១៩ ស្ថិតនៅក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ទោសុខ សម្បត្តិ បានលើកឡើងថា ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងរាលដាលដោយជំងឺកូវីដ១៩ ប្រមុខដឹកនាំរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបានគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតនៅក្នុងកំលុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍ព្រឹត្តិការណ៍ ២០កុម្ភៈ និងផ្ដល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ ដល់គ្រួសារក្រីក្រផងដែរ។

នាឧកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បានក្រើនរំឮក ដល់ប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែស ចំពោះជំងឺកូវីដ១៩ឡើយ ត្រូវតែបន្តគោរពទៅតាមការណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរាលដាលនៃជម្ងីកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យបានខ្លាំងក្លាបន្តទៀត ត្រូវអប់រំប្រជាពលរដ្ឋឱ្យពាក់ម៉ាស នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំ ដោយលាងដៃជាមួយសាប៊ូ អាកុល ជែល ជាពិសេសត្រូវអនុវត្តវិធានការពារ «៣កុំនិង ៣ការពារ» និងរួមគ្នាកាត់ផ្ដាច់ឬសគល់ នៃការចម្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ជាមួយគ្នានេះលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។

លោកបានបន្តថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ក្នុងការដោះស្រាយសេវាសាធារណៈទាំងសេវាសំណូមពរ និងសេវាតម្រូវការឱ្យបានល្អប្រសើរ និងអនុវត្តគោនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរស់នៅដោយសុខដុមរមនា។

លោកបានបន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ ហើយក៏ជាកាតព្វកិច្ចរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ក្នុងការចាក់វ៉ាក់សាំងនេះ ដូច្នេះនៅពេលខាងមុខនេះរាជរដ្ឋាភិបាល នឹងមានវ៉ាក់សាំងជាច្រើនទៀតដើម្បីចាក់ជូនប្រជាពលរដ្ឋ ខណៈពេលនេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពលរដ្ឋត្រូវបានចាក់បានជាង១លាននាក់ហើយផងដែរ។

អំណោយរបស់លោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ និងលោកស្រីដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង២០០នាក់គ្រួសារ រួមមានគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១ម៉ឺនរៀល ក្នុងមួយគ្រួសារ ក្នុងនោះក៏បានចែកថ្នាំផ្ដាសាយដល់ប្រជាការពារ កងកម្លាំងទាំងបីប្រភេទ និងក្រុមប្រឹក្សាឃុំផងដែរ៕