(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ នៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានសម្លាប់សមាជិកគ្រួសារអស់ចំនួន ៥នាក់ និងកូនក្នុងផ្ទៃម្នាក់។

លោក ឈួរ ច័ន្ទឌឿន បានថ្លែងថា នេះជាសោកនាដកម្មមួយ ដែលនឹកស្មានមិនដល់ ព្រោះតែក្នុងមួយប៉ព្រិចភ្នែកធ្វើឲ្យមនុស្សក្មេង និងចាស់ចំនួន ៥នាក់ បានបាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធម រួមទាំងទ្រព្យសម្បត្តិក៏ត្រូវបានឆេះអស់គ្មានសល់។ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា និងក្នុងនាមតំណាងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ។

លោក អម សុភា អភិបាលរងខេត្ត ដែលបានទៅចូលរួមផ្តល់អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដល់ជនរងគ្រោះដែលបានស្លាប់ ដោយភ្លើងឆេះផ្ទះនៅស្រុកបរិបូណ៌ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះឱ្យដឹងថា អំណោយដែលបានផ្ដល់ជូនជនរងគ្រោះខាងលើនេះរួមមាន៖ អង្ករចំនួន១៥ ០គីឡូក្រាម, មី៦កេះ, ត្រីខចំនួន ៥០កំប៉ុង, ទឹកសុទ្ធ៥កេះ, ទឹកក្រូច៥កេះ និងថវិការបស់កាកបាទសាខា និងអនុសាខា១លាន៧០ម៉ឺនរៀល បូកនឹងថវិការបស់សាលាខេត្តកំពង់ឆ្នាំង៥លានរៀល សរុបចំនួន៦លាន៧០ម៉ឺនរៀល។

អំណោយនិងថវិកាទាំងអស់នេះ ដោយសារតែក្រុមគ្រួសារបានស្លាប់អស់ នៅសល់តែប្ដីម្នាក់ ហើយប្ដីក៏ត្រូវបានទៅសម្រាកពេទ្យទៀត ដូច្នេះអំណោយនិងថវិកា ត្រូវបានប្រគល់ទៅឲ្យស្រុកបរិបូរណ៌ដើម្បីរៀបចំគណៈកម្មការចាត់ចែងធ្វើបុណ្យសព។

គួររំលឹកថា អគ្គិភ័យឆេះផ្ទះមួយខ្នងនៅខេត្តកំពង់ឆ្នាំង ដែលបណ្ដាលឱ្យមនុស្សចំនួន៥នាក់ត្រូវស្លាប់ ក្នុងនោះក៏មានស្ត្រីម្នាក់មានគ័របានស្លាប់ផងដែរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២១វេលាម៉ោង៨៖៤០នាទីយប់ នៅចំណុចអ្នកតារាជស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងហេតុការណ៍ខាងលើនេះផងដែរ បានបណ្ដាលឱ្យឆេះផ្ទះមួយខ្នងមានទំហំ៧ម៉ែត្រ គុណ១២ម៉ែត្រ សង់ពីដែកបាំង និងប្រក់ស័ង្កសី ដែលម្ចាស់ផ្ទះមានឈ្មោះ នន់ សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ជាមេគ្រួសារ (នៅមានជីវិត)៕