(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន ណាថារ៉េស៊ីដិន នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការក្នុងការផ្តល់កម្ចីសម្រាប់ទិញលំនៅឋាន នៅគ្រប់គម្រាងទាំងអស់របស់បុរី ណាថារ៉េស៊ីដិន។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាប្រារព្ធឡើងនៅការិយាល័យធនាគារ ជីប ម៉ុង សាខាព្រះនរោត្តម ក្រោមវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង និងលោកស្រី កាំង ណៃគួយ អគ្គនាយិកាក្រុមហ៊ុន ណាថារ៉េស៊ីដិន។

អ្នកឧកញ៉ា លាង ម៉េង បានលើកឡើងថា «កិច្ចសហការរវាងធនាគារ ជីប ម៉ុង និងក្រុមហ៊ុន ណាថារ៉េស៊ីដិន គឺលើសពីដៃគូសហការធម្មតា ពោលគឺយើងមានទស្សនវិស័យរួមគ្នា ដែលធ្វើយ៉ាងណាជួយឱ្យប្រជាពលរដ្ឋយើង អាចមានលទ្ធភាពទិញលំនៅឋានក្នុងក្តីសុបិនរបស់ពួកគេបាន។ ហេតុដូចនេះហើយទើបធនាគារយើងខ្ញុំ សម្រេចចិត្តក្លាយជាដៃគូសហការផ្នែកហរិញ្ញវត្ថុរបស់អតិថិជនទាំងអស់ ដែលមានបំណងចង់ទិញលំនៅឋាននៅបុរី ណាថារ៉េស៊ីដិន»។

លោក ចន ប៊ែល បានលើកឡើងថា «ធនាគារ ជីប ម៉ុង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កម្ចីជូនដល់អតិថិជនក្នុងការទិញលំនៅឋាននៅបុរី ណាថារ៉េស៊ីដិន។ តាមរយៈកិច្ចសហការនេះ ធនាគារ ជីប ម៉ុង នឹងជួយឱ្យលោកអ្នកទទួលបានគេហដ្ឋានក្នុងក្តីស្រមៃ។ ធនាគារយើងខ្ញុំ ផ្តល់ប្រាក់កម្ចីរហូតដល់ទៅ ៩០% នៃតម្លៃផ្ទះ ដោយអតិថិជនអាចបង់សងរហូតដល់រយៈពេល ២០ ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យ ការអនុម័តកម្ចីឆាប់រហ័ស និងឯកសារងាយស្រួល»

លោកស្រី កាំង ណៃគួយ បានថ្លែងថា «ដោយទទូលបានការគាំទ្រយ៉ាងខ្លាំងលើគម្រាងទាំងពីររបស់យើង នាពេលកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំបានសម្រេចចាប់ដៃគូសហការជាផ្លូវការជាមួយធនាគារ ជីប ម៉ុង ដើម្បីផ្តល់នូវកម្ចីផ្នែកហរិញ្ញវត្ថុដល់អតិថិជនរបស់យើង។ អតិថិជនគ្រាន់តែមានថវិកាមួយចំនួន រួចទទួលកម្ចីមួយចំនួនទៀត នោះលោកអ្នកនឹងក្លាយជាម្ចាស់កម្មសិទ្ធិលើផ្ទះណាមួយក្នុងគម្រាងរបស់យើង។ យើងជឿជាក់ថា កិច្ចសហការនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនយើង»

សូមជម្រាបថា ក្រុមហ៊ុន ណាថារ៉េស៊ីដិន មានគម្រាងធំៗចំនួន ២ គឺ៖ គម្រោង The Woods ដែលមានវីឡា ៣ ប្រភេទ មានវីឡាឃ្វីន វីឡាភ្លោះ និងវីឡាកូនកាត់ និងគម្រោង The Boulevard ដែលសាងសង់ផ្ទះអាជីវកម្មប្រណីតស្របតាមរចនាប័ទ្មជំនាន់ថ្មី។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍លើគម្រោងណាមួយរបស់ក្រុមហ៊ុន ណាថារ៉េស៊ីដិន សូមទាក់ទងទៅកាន់លេខ៖ 098 304 333 / 085 900 777។

រីឯធនាគារ ជីប ម៉ុង ទៀតសោត ក៏មានការផ្តល់ជូននូវលក្ខខណ្ឌកម្ចីពិសេសជូនដល់អតិថិជន ដែលមានបំណងចង់ទិញផ្ទះនៅគ្រប់គម្រោងទាំងអស់របស់ក្រុមហ៊ុន ណាថារ៉េស៊ីដិន។ សម្រាប់ការសាកសួរអំពីព័ត៌មានបង់រម្លស់ សូមទាក់ទងទៅកាន់អ្នកជំនាញធនាគារ ជីប ម៉ុង តាមរយៈលេខ៖ 081 811 911 ឬ 066 811 911៕