(ភ្នំពេញ)៖ ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ២៧ឆ្នាំ នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈខ្លួនមានផ្ទៃពោះ៧ខែ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ស្រ្តីដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នោះ មានឈ្មោះ សាន គឹមឡាង អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រ (GNT ហៅអគារ៣២) នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានស្នាក់នៅបន្ទប់ជួលនៅម្តុំព្រៃស។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្រ្តីរូបនោះ បានធ្វើដំណើរមកជាមួយប្តីឈ្មោះ ស៊ុន រ៉ាយុទ្ធ មកស្រុកកំណើតនៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ត្រីរូបនេះ និងស្វាមីត្រូវបញ្ជូនមកយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត ដោយសារសង្ស័យមានជំងឺកូវីដ១៩ មកពីតំបន់ក្រហម រាជធានីភ្នំពេញ។ នៅវេលាម៉ោង៥៖០០ល្ងាចថ្ងៃដដែលស្ត្រីរូបនេះ បានចេញអាការៈ ក្តៅខ្លួន ក្អក ហត់ ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យខេត្ត និងបានធ្វើតេស្តរហ័សកូវីដ១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។

ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦៖០៥នាទីព្រឹក។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជាតិខ្មែរ ឈ្មោះ សាន គឹមឡាង អាយុ២៧ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩ និងមានផ្ទៃពោះ៧ខែ៕