(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារសំខាន់ៗមួយចំនួន ក្នុងការត្រៀមធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២។

កិច្ចប្រជុំបានពិភាក្សាផ្តោតជាសំខាន់លើរបៀបវារៈចំនួន៤ រួមមាន៖ ការកំណត់មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន, ការត្រៀមរៀបចំនូវគំនិតផ្តួចផ្តើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២, ដំណើរការប្រព្រឹត្តទៅនៃអនុគណៈកម្មការនីមួយៗក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ និងបញ្ហាផ្សេងៗ ដែលធ្វើឡើងដើម្បីកម្ពុជាត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ពិសេសក្នុងការឈានទៅសម្រេចបាននូវកិច្ចការក្រោមសរសរស្តម្ភសេដ្ឋកិច្ចរបស់អាស៊ាន។

លោករដ្ឋមន្ត្រីបានរំលេចថា តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងពន្លឿននីតិវិធីក្នុងស្រុកសម្រាប់ឈានទៅការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមាន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ កន្លងទៅ។

ក្រៅពីនេះ ក្រសួងក៏បាននឹងកំពុងជំរុញនីតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខាឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចាកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត (រួមមានជប៉ុន ឥណ្ឌា...) នៅពេលការសិក្សាបានបញ្ចប់។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានគូសបញ្ជាក់ដែរថា ក្រសួងក៏បាននឹងកំពុងបង្កើតក្រុមការងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដាក់ជាចំណុចអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

លោករដ្ឋមន្ត្រីបានទទួលយកអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រធានអង្គប្រជុំ និងបានប្តេជ្ញាចូលរួមសហការតាមគ្រប់មធ្យាបាយ និងក្នុងគ្រប់កាលៈទេសៈ ដើម្បីធានាសម្រេចបាននូវភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២៕